អបាយ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទីដែលប្រាសចាកសេចក្ដីចម្រើន, ទីរងទុក្ខ ( មានឋាននរកជាដើម ); សេចក្ដីសាបសូន្យ, សេចក្ដីវិនាស; ដំណើរលិចលង់ក្នុងសេចក្ដីវិនាស ( ខ្មែរច្រើនប្រើសំដៅអបាយភូមិបួននិងសេចក្ដីវិនាស )
ឧទាហរណ៍៖ ស្លាប់ទៅកើតក្នុងអបាយ, ធ្លាក់ទៅក្នុងអបាយ; អំពើនេះជាផ្លូវអបាយ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈបាយ៉ៈ ឬ អប៉ាយ៉ៈ ក៏មានខ្លះ ( ត. ទ. ស្រ. ), ដូចជា អបាយគាមិន ឬ —គាមី អ្នកដែលតែងតែឬដែលបម្រុងតែនឹងទៅកើតក្នុងអបាយភូមិ ( បើស្ត្រីជា អបាយគាមិនី ) ។ អបាយទុក្ខ ទុក្ខក្នុងអបាយ ។ អបាយទ្វារ ទ្វារនៃអបាយ, ផ្លូវចូលទៅកាន់អបាយ ( ព. ប្រ. ) ។ អបាយបរាយនៈ ( អៈប៉ាយ៉ៈប៉ៈរ៉ាយ៉ៈន៉ៈ ) អ្នកដែលបម្រុងនឹងទៅកើតក្នុងអបាយ ឬដែលបម្រុងនឹងបានសេចក្ដីវិនាសទៅខាងមុខ ( បើស្ត្រីជា —បរាយនា អ. ថ. —ន៉ា ) ។ អបាយបរាយនកម្ម អំពើដែលបម្រុងនឹងនាំអ្នកធ្វើឲ្យទៅកើតក្នុងអបាយឬឲ្យបានសេចក្ដីវិនាសទៅខាងមុខ ។ អបាយប្បដិសន្ធិ ( —យ៉័ប-ប៉ៈ— ) ការចាប់កំណើតក្នុងអបាយ ។ អបាយភព ( —ភប់ ) ឋានអបាយ, អបាយភូមិ ។ អបាយភ័យ ការខ្លាចក្រែងទៅកើតក្នុងអបាយភូមិឬខ្លាចក្រែងមានសេចក្ដីវិនាស។ អបាយភូមិ ( —ភូម ) ជាន់ឬឋានអបាយ, កំណើតសត្វដែលប្រាសចាកសេចក្ដីចម្រើន : នរក, តិរច្ឆាន, ប្រេត, អសុរកាយ ទំាង ៤ នេះជាអបាយភូមិ ។ អបាយមាគ៌ា ( —មារ-គា ) ផ្លូវទៅកាន់អបាយ ( ព. ប្រ. ) ។ អបាយមុខ ហេតុឬអំពើជាប្រធានឬជាផ្លូវនៃសេចក្ដីវិនាស : ការលេងស្រី, ផឹកសុរា, លេងស៊ីចាយកញ្ជះកញ្ជាយខ្ជីខ្ជា, លេងល្បែងភ្នាល់, សេពគប់រាប់រកយកមនុស្សអាក្រក់ជាមិត្រ, ខ្ជិលច្រអូស, ដើរលេងយប់, ដើរមើលល្បែងរបាំទាល់តែញៀនជាប់ចិត្តឥតធ្វើការរបរអ្វី; ទាំង ៨ យ៉ាងនេះជាអបាយមុខ ។ អបាយសត្ត ឬ —សត្វ សត្វដែលកើតក្នុងអបាយភូមិ ។ អបាយសមុទ្ទ ឬ —សមុទ្រ អបាយភូមិដែលទុកដូចជាមហាសមុទ្រ ។ អបាយសំវត្តនិក ( អៈប៉ាយ៉ៈស័ង-វ័តតៈ—) អំពើដែលនាំឲ្យអ្នកធ្វើទៅកើតក្នុងអបាយឬនាំឲ្យដល់នូវសេចក្ដីវិនាស ( ហៅ អបាយសំវត្តនិកកម្ម ក៏បាន ) ។ ល ។ ពាក្យកាព្យបញ្ជាក់អំពីបាយមុខ ៨ យ៉ាងថា : អបាយមុខបួន បើរាប់ផ្ទួនមានប្រាំបី មួយគឺការលេងស្រី ពីរគឺក្ដីសេពសុរា ។ បីគឺការចាយវាយ- ទ្រព្យខ្ជះខ្ជាយលើសមាត្រា បួនគឺល្បែងពាលា លេងភ្នាល់គ្នាបង្ហិនធន ។ ប្រាំគឺការសេពគប់ ជនឧបទ្រពជាមិត្រពន្ធ ប្រាំមួយគឺជាតិជន ខ្ជិលច្រអូសហួសប្រមាណ ។ ប្រាំពីរដើរលេងយប់ ត្រាតែងប់ពុំសូវខាន ប្រាំបីគឺរាប់អាន មើលមហោស្រពត្រាតែញៀន ។ ប្រាំបីនេះអ្នកឈ្លាស ខ្លាចវិនាសរែងអៀនប្រៀន ជួនកាលគេចវេះវៀន ព្រោះក្រែងញៀនឈប់ពុំបាន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖