Posted on Leave a comment

តើពាក្យ «អត្ថ» មានន័យដូចម្ដេច ?


អត្ថ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អាថ៌ ) ប្រយោជន៍; សេចក្ដី; សេចក្ដីពន្យល់; ពាក្យប្រែស្រាយ; សេចក្ដីចម្រើន; គតិ; រឿង, ហេតុ, ការណ៍; ដំណើរ; ផល; ផលប្រយោជន៍; បំណង; សេចក្ដីប្រាថ្នា; ទ្រព្យ, សម្បត្តិ; របស់; វត្ថុ; អីវ៉ាន់; កិច្ច, កិច្ចការ; ធុរៈ, រវល់; . . . ។ ស្គាល់អត្ថ ស្គាល់ដំណើរ; ស្គាល់សេចក្ដី ។ រៀនអត្ថ រៀនសេចក្ដីអធិប្បាយ, រៀនអដ្ឋកថា ។ ព. សា. រៀនប្រែបាលី ។ ចេះអត្ថប្រែ ( ព. សា. ) ចេះប្រែស្រាយអធិប្បាយសេចក្ដីចេញពីបាលីបាន ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ័ត-ថៈ, ដូចជា អត្ថកាម អ្នកមានបំណងល្អ; អ្នកចង់ឲ្យមានសេចក្ដីចម្រើន; អ្នកផ្គងដំណើរការណ៍សំដៅផលប្រយោជន៍ ។ អត្ថកោវិទ អ្នកឈ្លាសឬជំនាញក្នុងអត្ថ ។ អត្ថគវេសនា ( —គៈវេសៈន៉ា ) ការស្វែងរកប្រយោជន៍ឬរកទ្រព្យ ។ អត្ថគ្រឹះ ផ្ទះដាក់អីវ៉ាន់, ឃ្លាំងដាក់របស់ ។ អត្ថចរិយា ការប្រព្រឹត្តឲ្យកើតផលប្រយោជន៍ឬឲ្យកើតសេចក្ដីចម្រើន ។ អត្ថចិន្ដា គំនិតគិតឲ្យមានប្រយោជន៍ ឬឲ្យមានសេចក្ដីចម្រើន, ឲ្យកើតទ្រព្យ ។ អត្ថញ្ញុតា ការស្គាល់ផលរបស់ហេតុ ។ អត្ថញ្ញូ អ្នកស្គាល់ផលរបស់ហេតុ ។ អត្ថទាន ការឲ្យប្រយោជន៍ ។ អត្ថទោស ដំណើរខុសសេចក្ដីឬខុសបំណង ។ អត្ថន័យ ការពន្យល់សេចក្ដី, ការរាយរាប់ពីលក្ខណៈនៃវត្ថុផ្សេងៗ : តាមអត្ថន័យនេះ; ពាក្យនេះមានអត្ថន័យយ៉ាងណា ? ។ អត្ថបដិរូប ( បា. អត្ថ “សេចក្ដី, ន័យ” + បដិរូប > អត្ថប្បដិរូប “ប្រដូច, ប្រៀបធៀប” ) សេចក្ដីប្រៀបធៀប, ន័យប្រដូច គឺន័យរបស់ពាក្យដែលបង្វិលបញ្ចៀសពីន័យត្រង់ៗ ដូចជាពាក្យថា “ស៊ី” តាមអត្ថានុរូប គឺន័យត្រង់ៗទៅតាមដំណើរដើមថា “បរិភោគភោជនាហារ” តែបើគេយកទៅប្រើជាសេចក្ដីប្រៀបប្រដូចវិញ បែរជាមានន័យផ្សេងពីន័យដើម ដូចជា “ស៊ីគ្នា” គឺសមគ្នា, ត្រូវគ្នា, “ស៊ីថ្លៃ” គឺយកតម្លៃច្រើន ។ “ស៊ីថោក” គឺយកតម្លៃថោក យ៉ាងនេះជាដើម ហៅថា អត្ថបដិរូប ( គួរប្រើជា អត្ថប្បដិរូប ) ។ ព. ផ្ទ. អត្ថានុរូប ។ អត្ថបតី (—ប៉ៈដី) ម្ចាស់ទ្រព្យ; អ្នកមានទ្រព្យច្រើន ។ អត្ថបទ សេចក្ដីអធិប្បាយនៃរឿងអ្វីនីមួយៗ; សេចក្ដីជាខ្លឹមសាររបស់អ្នកនិពន្ធ; សេចក្ដីដែលចុះផ្សាយក្នុងសារពត៌មានផ្សេងៗ ។ អត្ថប្បយោគ ( អ័ត-ថ័ប-ប៉ៈយោក ) ឬ —ប្រយោគ ការចាយទ្រព្យឲ្យកើតប្រយោជន៍ ។ អត្ថប្រយោជន៍ ( អ័ត-ថៈ—) អ្វីៗដែលមានផលប្រយោជន៍, ប្រយោជន៍ដែលគួរប្រាថ្នា, គួរចង់បាន ។ អត្ថរស ( —រស់ ) ដំណើរសេចក្ដី ។ អត្ថរូប រូបសេចក្ដី ។ អត្ថលាភ ការបានប្រយោជន៍; ការបានទ្រព្យ ។ អត្ថវណ្ណនា ការពន្យល់សេចក្ដី, អដ្ឋកថា ។ អត្ថវិជ្ជា ឬ —សាស្រ្ត វិជ្ជាឬសាស្ត្រសម្រាប់រៀនឲ្យស្គាល់កិច្ចការចិញ្ចឹមជីវិត និងការគ្រប់គ្រងស្រុកទេស ។ អត្ថវិញ្ញាបនី ( —ប៉ៈន៉ី ) សម្ដីបញ្ជាក់សេចក្ដី ។ អត្ថវិនាស ការខូចប្រយោជន៍ ។ អត្ថវិនិច្ឆ័យ ការកាត់សេចក្ដី ។ អត្ថវិបត្តិ ឬ —វិប័ទ វិបត្តិសេចក្ដី ឬវិប័ទប្រយោជន៍ ។ អត្ថសង្គហៈ, —សង្រ្គោះ ឬ —សន្និច័យ ការប្រមូលឬសន្សំទ្រព្យសម្បតិ្ត ។ អត្ថសម្ពន្ធ ការត្រូវបានទ្រព្យសម្បាច់ ។ អត្ថសម្ពន្ធិន ឬ —សម្ពន្ធី អ្នកដែលត្រូវបានទ្រព្យសម្បាច់ ( បើស្ត្រីជា អត្ថសម្ពន្ធិនី ) ។ អត្ថសាធក ( —ធៈកៈ ឬ —ធក់ ) អ្នកសម្រេចសេក្ដី; អ្នកដែលបានសម្រេចផលប្រយោជន៍ ( បើស្ត្រីជា អត្ថសាធិកា ) ។ អត្ថសិរី សិរីជាទ្រព្យ; ទ្រព្យមានសិរី; ការមានទ្រព្យស្ដុកស្ដម្ភ ។ អត្ថាធិប្បាយ ( បា. អត្ថ + អធិប្បាយ ) អធិប្បាយសេចក្ដី ។ អត្ថានុរូប ( បា. អត្ថ “ន័យ, សេចក្ដី” + អនុរូប “សមទៅតាម, ត្រូវតាមទំនង” ) ន័យរបស់ពាក្យដែលសមទៅតាមសេចក្ដី, ន័យរបស់ពាក្យត្រង់ៗ, ន័យដែលមិនបង្វិលបញ្ចៀសខុសឃ្លាតចាកសេចក្ដីដើម គឺពាក្យដែលមិនប្រើជាសេចក្ដីប្រៀបប្រដូច ។ ព. ផ្ទ. អត្ថបដិរូប។ល។
ន័យជាជម្រៅរបស់ពាក្យក្នុងភាសានីមួយៗ ការពន្យល់ និងបកស្រាយពាក្យក្នុងភាសានីមួយៗតែងមានអត្ថពីរប្រការគឺ អត្ថត្រង់ៗ និងអត្ថប្រដូច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply