Posted on Leave a comment

តើពាក្យ «អកុសល» មានន័យដូចម្ដេច ?


អកុសល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អកុឝល ) សេចក្ដីអាក្រក់, បាប, អពមង្គល : អកុសលតាមមកផ្ដល់ គឺបាបតាមមកផ្ដល់, បាបចេញមុខឲ្យផល ។ គុ. អាក្រក់, ដែលជាបាប; ដែលមិនឈ្លាស : អំពើអកុសល ។ ( ព. កា. ) : រីអកុសល ជាកម្មតែងផ្ដល់ ក្ដីទុក្ខលំបាក ឲ្យដល់អ្នកធ្វើ មិនឈប់មិនស្រាក កម្មនេះស្រកាក គួរជនផងខ្លាច ។ ផ្ទុយពីកុសល ដែលតែងតែផ្ដល់ ក្ដីសុខមិនកាច កម្មនេះល្អលន់ ជាបុណ្យអង់អាច បានជាអ្នកប្រាជ្ញ ពេញចិត្តចង់ធ្វើ ។ ជនជឿផលកម្ម មានស្មារតីចាំ ប្រព្រឹត្តអំពើ កុសលកល្យាណ ក្សេមក្សាន្តឥតបើ មានមោះហ្មងលើ មនោទ្វារឡើយ ។ ព. ផ្ទ. កុសល ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈកុសៈល៉ៈ, ដូចជា អកុសលកម្ម កម្មអាក្រក់ ។ អកុសលកម្មបថ ( —ក័ម-ម៉ៈបត់ ) គន្លងនៃអំពើអាក្រក់ ( ផ្លូវបាប, ផ្លូវទុច្ចរិត មាន ១០ យ៉ាងគឺ កាយទុច្ចរិត ៣, វចីទុច្ចរិត ៤, មនោទុច្ចរិត ៣ ) ។ អកុសលកិរិយា កិរិយាអាក្រក់ ។ អកុសលចរិយា ចរិយាអាក្រក់ ។ អកុសលចិត្ត ចិត្តជាអកុសល, ចិត្តបាប ។ អកុសលចេតនា ( —តៈន៉ា ) ការតាំងចិត្តជាបាប, គំនិតបាប; គំនិតអាក្រក់ ។ អកុសលចេតសិក ( —តៈសិក ) ចេតសិកជាអកុសល គឺអារម្មណ៍ដែលកើតរលត់ព្រមជាមួយនឹងចិត្តជាអកុសល ( ក្នុងព្រះអភិធម្មថាមាន ១៤ យ៉ាង ) ។ អកុសលធម៌ ធម៌ជាអកុសល ។ អកុសលធាតុ ( —ធាត ) ធាតុជាអកុសល គឺនុយបាបឬចំណីបាប ។ អកុសលមូល ឫសគល់ឬទីតាំងនៃអកុសល ( មាន ៣ យ៉ាងគឺ លោភៈ, ទោសៈ, មោហៈ ) ។ អកុសលលាភ ការបានបាប ។ អកុសលវិតក្ក ការត្រិះរិះទៅរកអំពើអាក្រក់, តម្រិះអាក្រក់ ។ អកុសលវិបាក ស្នាមគំនូសចិត្តជាអកុសល, គំនូសបាប; ផលបាប។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply