ហ
មានន័យថា ព្យញ្ជនៈទី ៣១ តាមលំដាប់ពួកព្យញ្ជនៈ ៣៣ តួ ជាព្យញ្ជនៈទី៦ ក្នុងសេសវគ្គឬអវគ្គសម្រាប់ប្រើក្នុងភាសាសំស្រ្កឹត បាលីនិងភាសាខ្មែរ ជាកណ្ឋជៈមានសំឡេងកើងក្នុងក ។ តាមរបៀបព្យញ្ជនៈសម្រាប់ភាសាសំស្រ្កឹតជាព្យញ្ជនៈទី៨ ក្នុងអវគ្គ ។ តួ ហ នេះខ្មែរប្រើសំឡេងជាពីរគឺ ហ និង ហ៊ ។ ខ្មែរប្រើផ្សំ ហ រួមជាមួយនឹងព្យញ្ជនៈឯទៀតបានតាមគួរដល់ការផ្សំប្រើគឺ ណ ន ម ល វ ផ្សំជា ណ្ហ ហ្ន ហ្ម ល្ហ ហ្ល ហ្វ ។ ណ្ហ និង ល្ហ ចេញសំឡេងជាមួយនឹង ណ ល ដូចជា ណ្ហើយ ណ្ហើយចុះ; ផ្លែល្ហុង ស្វាយល្ហួត ជាដើម ។ ហ្ន គ្រាន់តែនាំតួ ន. ឲ្យមានសំឡេងខ្ពស់ខុសពីប្រក្រតីដើម : អ្វីហ្ន ! អ្នកណាហ្ន ! ។ កាលបើឲ្យ ហ្ន មានសំឡេងខ្ពស់ស្រួចឡើងទៀត ត្រូវដាក់កាកបាទ (+) នេះពីលើផង : អ្វីហ្ន៎ ! អើហ្ន៎ ! ល្អណាស់ហ្ន៎ ។ ហ្នឹងហើយ មិនមែនហ្នឹងទេ មានសំឡេងចុះក្រោមមកខាងបំពង់ក ។ ហ្ម មិនប្រើសំឡេងខ្ពស់ទេ គ្រាន់តែនាំ ម ឲ្យមានសំឡេងជា ម៉ មិនបាច់ដាក់មូសិកទន្ត (៉) នេះប៉ុណ្ណោះ ដូចជា ទេព្យហ្ម ហ្មដំរី ចុតហ្មាយ ហ្មត់ចត់ ជាដើម ។ ហ្ល ក៏ដែរ គ្រាន់តែនាំ ល ឲ្យជា ល៉ ប៉ុណ្ណោះ ដូចជា ហ្លួង ទាំងហ្លាយ… ។ ហ្វ មានសំឡេងដូចអក្សរ F បារាំងសែស ដូចជា ហ្វឹកហ្វឺន ហ្វឹកហាត់ ហ្វូងគោ…; ឬភាសាបរទេស ដូចជា ហ្រ្វង្ក Franc (ប្រាក់ហ្រ្វង្ក) អាហ្រ្វិគ Afrique… ។ ហ អាចឲ្យប្រើដាក់ពីលើឬដាក់ពីក្រោមតួអក្សរឯទៀត បំបែរសំឡេងក៏បានាំ ដូចជា អ្ហ អ៊្ហ ។
ឧទាហរណ៍៖ នែអ្ហឺ ប្រយ័ត្នភ្លើងអ្ហឺ !; អាអ្ហែង (អាឯង); អ្ហែៈ អីអ៊ីចុះ ! (នែៈ អឹអ៊ឹចុះ); មិនទៅទេអ្ហ៊ៃ ? (មិនទៅទេឬ ?) … ។ ផ្សំជាមួយនឹងអក្សរឯទៀតក្រៅពីខាងលើនេះក៏បាន ដូចជា ស្ហែហ្វ chef “នាយ” ម៉ាស៊្ហីន Machine “គ្រឿងយន្ត”; គ្ហារ ឬ ហ៊្គារ Gare “ស្ថានីយ៍អយស្ម័យយាន (រ៉ា)”; គ្ហោម ឬ ហ្គោម Gomme “ជ័រលុប”… ។ បុរសឈ្មោះ ហ្សង់ Jean; ស្រ្តីឈ្មោះ ហ្សាន់ Jeanne, ហ្សានដារក៍ Jeanne D’arc ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖