ស្ត្រី
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. ថី ) ស្រី ( ព. ខ្ព. ) ជាគូគ្នានឹងបុរស, ត្រូវប្រើឲ្យស្របគ្នាថា បុរសស្ត្រី, ប្រុសស្រី; កុំប្រើ បុរសស្រី, ប្រុសស្ត្រី ដូច្នេះឡើយ ។ ស្ត្រីកាម អ្នកស្រឡាញ់ស្ត្រី, អ្នកងប់ចិត្តទៅរកស្ត្រី ។ ស្ត្រីការ្យ ( —កា) ការរបស់ស្ត្រី; ស្ត្រីអ្នកបម្រើ ។ ស្ត្រីក្សីរ ឬ —ក្សេរ ទឹកដោះស្ដ្រី( ទឹកដោះមនុស្ស ) ។ ស្ត្រីចរ្យា ( —ច័រយ៉ា) ចរិយារបស់ស្ត្រី ។ ស្ត្រីជន ( —ជន់) ពួកស្ត្រី, ស្ត្រីទួទៅ ។ ស្ត្រីជាតិ ( —ជាត ) ជាតិជាស្ត្រី ( ស្ត្រី ) ។ ស្ត្រីទ្យូត អ្នកលេងស្រី ។ ស្ត្រីទ្វេស អ្នកដែលមិនចូលចិត្តនឹងស្ត្រី , អ្នកស្អប់ស្រី ។ ស្ត្រីធន ( —ធន់ ) ស្ត្រីដែលទុកជាទ្រព្យ; អ្នកដែលមានស្ត្រីជាទ្រព្យ, ដែលលើកស្ត្រីថាជាទ្រព្យ ។ ស្ត្រីធម៌ ច្បាប់សម្រាប់ស្ត្រី ; ច្បាប់បញ្ញត្តចំពោះពួកស្ត្រី ។ ស្ត្រីប្រមុខ ដែលមានស្ត្រីជាមុខ; អ្នកដែលយកស្ត្រី ធ្វើជាមុខ, ដែលអាងតែស្រី ។ ស្ត្រីភាព ភាពជាស្ត្រី ( ស្ត្រី ) ។ ស្ត្រីភេទ ភេទស្ត្រី ។ ស្ត្រីមន្ត្រ ឬ —មាយា មាយាស្ត្រី; កលឧបាយរបស់ស្ត្រី, ពុតស្រី ។ ស្ត្រីរត្ន ឬ —រ័ត្ន ស្ត្រីកែវ, ស្ត្រីឆើតឆាយ, នាងឆើតឆោម, នាងឆោមឆាយ; លក្ស្មី ។ ស្ត្រីលក្សណ៍, —ល័ក្សណ៍ឬ—លក្សណ ល័ក្សណ៍របស់ស្ត្រី ។ ស្ត្រីលិង្គ ឬឥត្ថីលិង្គ (—លឹង ) ភេទស្ត្រី; ព. វ. សព្ទតន្តីភាសាមានសំស្ក្រឹតនិងបាលីជាដើម ដែលមានការន្តកំណត់ថាជាភេទស្ត្រី: កន្យា ឬ កញ្ញា, ទេវតា, ទេវីឬទេពី, ធម្មតា, មាលា, សាលា ជាស្ត្រីលិង្គ ( ម. ព. ការន្ត ផង ) ។ ស្ត្រីវរលក្សណ៍ ឬ —វរល័ក្សណ៍ ស្ត្រីមានល័ក្សណ៍ដ៏ប្រសើរ។ ស្ត្រីវិជិត បុរសដែលស្ត្រីឈ្នះ, ដែលចាញ់អំណាចស្ត្រី, អ្នកដែលចាញ់អំណាចប្រពន្ធ; ប្រុសកំសាកញី ។ ស្ត្រីសម្ភោគ សម្ភោគជាមួយនឹងស្ត្រី ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖