សេនា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ពួកទាហាន, ពួកពល, រេហ៍ពល, កងទ័ព ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “មេកងទ័ព, មេកងសឹក, អ្នកត្រួតពល” ក៏មាន
ឧទាហរណ៍៖ សេនាទ័ពស្រួច, សេនាឆ្វេង, សេនាស្ដាំ, សេនាដៃឯក។
សេនាកម្ម ( បា.; សំ. —កម៌ន៑ ) កិច្ចការឬបែបបទរបស់កងទ័ព ។ សេនាង្គ ( សំ. បា. < សេនា + អង្គ ) អង្គ, ចំណែកនៃកងទ័ពជើងគោក ។ តាមរបៀបក្នុងបុរាណសម័យចាត់ជា៤ពួក គឺ ១- កងទ័ពដំរី ( ហៅ ហត្ថានីក ); ២-កងទ័ពសេះ ( ហៅ អស្សានីក ); ៣-កងទ័ពរថ ឬ រទេះ ( ហៅរថានីក ); ៤-កងទ័ពថ្មើរជើង ( ហៅ បត្តានីក ); រួមទាំង៤ពួកនេះហៅ សេនាង្គ ឬ ចតុរង្គសេនា ឬក៏ហៅថា កងទ័ពមួយវាហិនី ក៏បាន ( ម. ព. អនីកលក្ខណៈ និង វាហិនី ផង ) ។ សេនាចរ ទាហានល្បាត ។ សេនាធិការ (សំ. បា. <សេនា + អធិការ ) អ្នកចាត់ការខាងកងទ័ព; អ្នកចាត់កងទ័ព ( អង្គសេនានី ឬអង្គការធំរបស់យោធា ឋិតនៅក្រោមបង្គាប់នៃឧត្ដមសេនីយ៍ ជាមេបញ្ជាការ សម្រាប់ទទួលភារៈចាត់ការឲ្យបានសម្រេចតាមសេចក្ដីបញ្ជា ) ។ សេនានិករ ពួកទ័ព, ប្រជុំកងទ័ព ។ សេនានីមេទ័ពធំ, នាយទាហានជាន់ខ្ពស់ ។ សេនានុព័ន្ធ សេនានីដែលចាត់ឲ្យទៅបំពេញកិច្ចការអមរាជការនានា ក្រៅពីរាជការសឹក ដូចជានាយទាហានជាន់ខ្ពស់ដែលនៅអមស្ថានទូតជាដើម ។ សេនាបតី ( —ប៉ៈដី; សំ. បា. —បតិ ) ចៅហ្វាយសេនា គឺមហាមាត្យ; មន្ត្រីស័ក្ដិធំទីចតុស្ដម្ភ ( ខ្មែរសម័យបុរាណហៅ ព្រះបាទអស់ជំនុំ ) ។ សេនាបតីសភា មន្ទីរជាទីប្រជុំប្រឹក្សាការផែនដីសម្រាប់ពួកសេនាបតី ។ សេនាប្រណេត្រិ ( —ណេត; សំ. —ប្រណេត្ឫ ) មេទ័ពរង ។ សេនាប្រមុខ មេទ័ពធំបំផុត, ស្ដេចសឹក ។ សេនាព្យុហៈ ឬ—ព្យូហ៍ ក្បួនទ័ព, របៀបកងទ័ព ។ សេនាមុខ ទ័ពស្រួច ។ សេនាយាត្រា ការចេញដើរនៃពួកទាហាន ។ សេនាសន្និបាត ការភ្ជុំកងទ័ព ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖