Posted on Leave a comment

តើពាក្យ «សម្ពន្ធ» មានន័យដូចម្ដេច ?


សម្ពន្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការចងភ្ជាប់គ្នា, ការតភ្ជាប់គ្នា; ដំណើរទាក់ទងរកគ្នា ។ ខ្មែរប្រើសំដៅសេចក្ដីថា “ការចងពន្ធ គឺការចងមេត្រីជាដន្លងនឹងគ្នា ឬការដណ្ដឹងកូនស្រីឲ្យកូនប្រុស”
ឧទាហរណ៍៖ ចង់ធ្វើសម្ពន្ធនឹងគ្នា ។ ញាតិសម្ពន្ធ ញាតិពន្ធ ។

                 ( សំ. បា. សម្ពន្ធ ) ការចងភ្ជាប់គ្នា, ការតភ្ជាប់គ្នា; ដំណើរទាក់ទងរកគ្នា ។
ឧទាហរណ៍៖ មានសម្ពន្ធនឹងគ្នា មានដំណើរទាក់ទងនឹងគ្នា ។

                 ព. វ. ចំណងបទ ឬចំណងប្រយោគ គឺការចងបទក្នុងសង្កាត់មួយៗឬក្នុងប្រយោគមួយៗ ឲ្យដឹងថាបទណាចូលទៅរកបទណា, បទណាជាប្រធាន, ណាជាកិរិយា, ណាជាអំពើ ជាដើម; ដូចជា ខ្ញុំ ទៅ ធ្វើ ការ ឯ-សាលាស្រុក, សម្ពន្ធថា : ខ្ញុំ ជាប្រធានរបស់ ទៅ, ទៅ ជាកិរិយារបស់ ខ្ញុំ, ធ្វើ ជាកិរិយាប្រាប់បំណងរបស់ ទៅ (ទៅដើម្បីធ្វើ); ការ ជាអំពើរបស់ ធ្វើ, ឯ-សាលាស្រុក ជាអាយតនិបាតប្រាប់ទី ( ដែលត្រូវធ្វើការ ) ។ ល ។ លើកសម្ពន្ធ លើកបទមួយៗ ( ក្នុងប្រយោគ ) ឲ្យឃើញដំណើរចូលរកគ្នា ។ ខ្មែរប្រើជា កិ. ក៏បាន : កាលណាពិនិត្យសេចក្ដីក្នុងប្រយោគមួយៗ ឲ្យដឹងថាត្រឹមត្រូវឬខុសទេ ត្រូវសម្ពន្ធមើលសិនទើបអាចដឹងបាន ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ( ដែលជា បា. ឬ សំ. ) អ. ថ. ស័ម ឬ សំ-ព័ន-ធៈ, ដូចជា សម្ពន្ធជាតិ ជាតិផ្សេងគ្នាដែលរួមរសជាស្វាមីភរិយា, ស្វាមីភរិយាដែលមានជាតិផ្សេងគ្នា : ប្ដីប្រពន្ធសម្ពន្ធជាតិ; ឬ អ្នកដែលមានជាតិផ្សេងគ្នាចងគ្នាជាមិត្រ : មិត្រសម្ពន្ធជាតិ ។ សម្ពន្ធមិត្ត ឬ —មិត្រ មិត្រដែលចងសេចក្ដីរាប់អានដោយបានប្ដេជ្ញា ឬ សន្យាគ្នាយ៉ាងមាំមួន ។ សម្ពន្ធមេត្រី ការរាប់អានគ្នាតាមចំណងប្ដេជ្ញា ឬសន្យាដ៏មាំមួន ។ សម្ពន្ធពង្ស ឬ —វង្ស វង្សដែលភ្ជាប់ជាញាតិនឹងគ្នាតៗមកមិនដាច់ ឬវង្សដែលជាប់ទងគន្លងជាញាតិនឹងគ្នា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply