សូរ្យកាន្ត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សូយ៌ “ព្រះអាទិត្យ” + កាន្ត” ជាទីស្រឡាញ់, ដែល….ពេញចិត្ត”; បា. សុរិយ + កន្ត ) ថ្មព្រះអាទិត្យ ( អាទិច្ចសិលា), ត្បូងព្រះអាទិត្យ គឺត្បូងឬកែវមួយប្រភេទ កាលបើយកទៅដាក់ឲ្យចំពន្លឺព្រះអាទិត្យ អាចបញ្ចេញកម្ដៅយ៉ាងខ្លាំងក្លាបាន ឬអាចបង្កើតជាភ្លើងក៏បាន; កែវប្រភេទនេះ គេសន្មតថាមានគុណភាពពូកែស័ក្ដិសិទ្ធិ ដែលច្រើនតែមានតំណាលក្នុងរឿងល្បើកផ្សេងៗ ពីបុរាណកាលដូចគេតែងបានឮរឿយៗ ក្នុងរឿងល្ខោនជាដើម។
ឧទាហរណ៍៖ ព្រះរាជកុមារ… គ្រវីកែវសូរ្យកាន្ដកើតជាភ្លើងឆេះពួកខ្មាំងសត្រូវ រលាយសាបសូន្យឥតសេសសល់; បើតាមន័យដែល “… អាចបញ្ចេញកម្ដៅយ៉ាងខ្លាំងក្លាបាន ឬអាចបង្កើតជាភ្លើងក៏បាន” នេះគួរយោលទៅដល់សេចក្ដីម្យ៉ាងទៀតថា កែវចរណៃមួយប្រភេទដែលគេ យកទៅដាក់បញ្ចាំងក្រោមរស្មីព្រះអាទិត្យកំពុងក្ដៅ ហើយអាចបង្កើតភ្លើងបានដោយសារក្រដាសប៉ុយឬកម្ទេចសំរាមល្អិត ដែលដាក់ពីខាងក្រោមកែវនោះ ក៏គួរហៅថា សូរ្យកាន្ដ បានដែរ ។ ពាក្យនេះ ច្រើនប្រើជាមួយនឹងពាក្យ ពិទូរ្យ ថា : កែវពិទូរ្យសូរ្យកាន្ដ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖